ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាត ស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ នាពេលកន្លងមក។

បន្ទាប់ពីចុះពិនិត្យស្ពានអូរជីក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានបន្តដំណើរ ចុះពិនិត្យស្ពានបុរាណអូរជីក (ស្ពានទ័ព) ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦៨ចាស់ ដែលរងគ្រោះដោយសារសង្គ្រាមផងដែរ។ បច្ចុប្បន្នក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ។

សូមបញ្ជាក់ដែរថា កាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងជាង ១១ យប់ កងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានបេតុងអូរជីក ដែលស្ថិតនៅចន្លោះស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រីស្នំ ខេត្តសៀមរាប បើទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិក និងចិនឲ្យបញ្ចប់សង្គ្រាមក៏ដោយ។ ការទម្លាក់គ្រាប់បែកផ្តាច់ស្ពាននេះ គឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម លើជនស៊ីវិលកម្ពុជា ព្រោះស្ពាននេះមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាសមរភូមិប្រយុទ្ធនាពេលបច្ចុប្បន្ន។

ស្ពានអូរជីក ដែលស្ថិតនៅលើផ្លូវជាតិលេខ ៦៨ តភ្ជាប់ខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយជាផ្លូវដ៏សំខាន់សម្រាប់ការធ្វើដំណើរ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្ស៕