សាខាកាកបាទក្រហមខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសាខាឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦


សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះ អនុសាខាក្រុង ស្រុកទាំង ១៣ និងមន្ទីរ/អង្គភាព ប្រចាំឆ្នាំ២០២៥។

ពិធីនេះដែរបានធ្វើឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការចូលរួមពី លោក លោកស្រី ប្រធានក្រុមកាកបាទក្រហម សាលាដំបូងព្រះរាជអជ្ញាអមសាលាដំបូង រដ្ឋបាលសាលាខេត្ត សភាពាណិជ្ជកម្ម មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ មន្ត្រីប្រចាំការ និងបុគ្គលិកកិច្ចសន្យា សរុបអ្នកចូលរួមចំនួន ១៧៥នាក់។

នាឱកាសនោះឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសាខាពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម សួន សុម៉ាលីន បានកោតសរសើរដល់គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង ១៣ មន្ត្រីប្រចាំការ និងបុគ្គលិកកិច្ចសន្យា ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក លោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះដើម្បីឱ្យសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម បន្ថែមទៀតថា ក្នុងរយៈពេល ១២ខែ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង/ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ១,៣៨៨គ្រួសារ/នាក់ ស្មើនឹង ៣៩៥លើក និងបានប្រគល់ផ្ទះ ចំនួន ៣២ខ្នងផ្ទះ បង្គន់អនាម័យ ចំនួន ២៨ កន្លែងលាងដៃ ៥ អគារមត្តេយ្យសិក្សា ១ខ្នង ស្មើនឹង ៤បន្ទប់ រទេះជនពិការ ២គ្រឿង កង់ ១៩គ្រឿង និងកង់អគ្គិសនី ៤គ្រឿង) ក្នុងនោះ (អនុសាខាផ្ទះ ៤ខ្នង)។

ក្នុងនោះ សាខាខេត្ត បានផ្តល់ការឧបត្ថម្ភធន ដល់អនុសាខា ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៦៖ លេខ ១ បានទៅលើអនុសាខាស្រុកពារាំង ទទួលបាន ម៉ូតូ ១គ្រឿង(Honda Dream C125 ឆ្នាំ២០២៥ និងថវិកាចំនួន ៤,០០០,០០០រៀល។ លេខ២ បានទៅលើអនុសាខាស្រុកពាមរក៍ ទទួលបាន ម៉ូតូ ១គ្រឿង(Honda Dream C125 ឆ្នាំ២០២៥)និងថវិកាចំនួន ៣,០០០,០០០រៀល។ លេខ៣ បានទៅលើអនុសាខាស្រុកស៊ីធរកណ្តាល ទទួលបាន ម៉ូតូ ១គ្រឿង(Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន ២,០០០,០០០រៀល។ លេខ៤ បានទៅលើអនុសាខាស្រុកព្រះស្តេច ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,៥០០,០០០រៀល។ លេខ៥ បានទៅលើអនុសាខាស្រុកពោធិ៍រៀង ទទួលបាន Computer ១គ្រឿង(Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,០០០,០០០រៀល។ លេខ៦ បានទៅលើអនុសាខាស្រុកពាមជរ ទទួលបាន Computer ១គ្រឿង(Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ៥០០,០០០រៀល៕