ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារបន្ត


នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២៥ និងលើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកោះកុងក្នុង ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្តឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកោតសសើរការងាររបស់កងកម្លាំងទាំង៣ប្រភេទ ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងកម្រងរូបភាពស្តីអំពីការអភិវឌ្ឍ របស់ក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ថែមទាំងបង្ហាញពីមោទនៈភាព នៃការរីកចម្រើនលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តកោះកុងផងដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា អភិបាលខេត្ត មន្ត្រីរាជការគ្រប់បណ្ដាស្រុក ត្រូវរក្សានូវភាពថ្លៃថ្នូរ និងខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចម្រើន លើវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ដើម្បីជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ពិសេសត្រូវបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យមានភាពវិវត្តខ្លួនឲ្យកាន់តែមានភាពរីកចម្រើន និងបង្កើនធនធានមនុស្ស ឲ្យមានការយល់ដឹងកាន់តែខ្ពស់។

ឯកឧត្តមបានលើកឡើងថា ក្នុងវិស័យអប់រំបានសង្កេតឃើញនៅក្នុងបណ្ដាញសង្គម សិស្សមានការដាក់សម្ពាធទៅលើអ្នកគ្រូ លោកគ្រូ ដែលជាមាតាបិតាទី២ ដែលបានផ្ដល់នូវចំណេះវិជ្ជាឲ្យសិស្សានុសិស្សទាំងអស់ រួមទាំងថ្នាក់ដឹកនាំកំពូលផងដែរ។ បើសិនជាមិនមានលោកគ្រូ អ្នកគ្រូ ផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សទេ ក៏ថ្នាក់ដឹកនាំគ្មានថ្ងៃនេះ ដែរទាំងអស់នេះហើយ គឺកើតចេញពីឆន្ទៈ នៃបេះដូងរបស់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្ហាត់បង្រៀនផ្ដល់ចំណេះដឹងដល់យើងគ្រប់ៗគ្នា ហើយធនធានមនុស្ស គឺជាកត្តាមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ដឹកនាំប្រទេសឲ្យឈានទៅថ្ងៃអនាគត៕