រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំហោមពិធីក្រុងពលី និងពិធីតម្កល់បឋមសិលា ដើម្បីចាប់ផ្តើមសាងសង់ សួនតេជោសន្តិភាពខេត្តស្ទឹងត្រែង ក្នុងបរិយាកាសអធិកអធម និងពោរពេញដោយសេចក្តីសោមនស្សរីករាយ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ការសាងសង់សួនតេជោសន្តិភាព គឺជាគម្រោងសាធារណៈដ៏មានសារៈសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើតលំហសាធារណៈបៃតងសម្រាប់បម្រើជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សួនតេជោសន្តិភាព នឹងក្លាយជាទីកន្លែងសម្រាប់សម្រាកកម្សាន្ត ការហាត់ប្រាណ ការប្រមូលផ្តុំសកម្មភាពសង្គម និងជាសញ្ញានៃសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះក៏ជាការបង្ហាញពីការចងចាំ និងគោរពចំពោះតម្លៃសន្តិភាព ដែលកម្ពុជាទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំជាតិ។
គួរបញ្ជាក់ថា សួនតេជោសន្តិភាពខេត្តស្ទឹងត្រែង គឺជាគម្រោងអភិវឌ្ឍសាធារណៈថ្មីមួយដែលរំពឹងថានឹងក្លាយជាគោលដៅសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនា និងសម្រាកកម្សាន្ត ព្រមទាំងចូលរួមលើកស្ទួយសោភ័ណភាព និងមុខមាត់ទីក្រុងស្ទឹងត្រែងឱ្យកាន់តែរីកចម្រើន៕























