ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សក្រសួងទេសចរណ៍


ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ និងប្រកាសការតែងតាំងសមាសភាព អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ បន្ទាប់ពីបានធ្វើការបោះឆ្នោតជ្រើសតាំង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ជាពិសេសការទទួលបាននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ព្រមទាំងការផ្ញើសារពិសេសពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍សរុបប្រមាណ ៤២០នាក់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅវិមាន ៧មករា។

ឯកឧត្តម ហួត ហាក់ លើកឡើងថា ក្នុងក្របខ័ណ្ឌនៃការងារគណបក្សរបស់ក្រសួង, នេះជាលើកទី៤ នៃការជួបជុំមហាគ្រួសារគណបក្សក្នុងវិស័យទេសចរណ៍ បន្ទាប់ពីឯកឧត្តម បានកាន់តួនាទីជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ពោលគឺឯកឧត្តម ហួត ហាក់ បានគោរពសម្ដែងនូវកតញ្ញុតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយភក្ដីភាពស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍គ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នា បេ្តជ្ញារក្សាទុកសមិទ្ធផលចាស់ និងបន្តថែរក្សា កសាង ពូនជ្រុំ និងបង្កើនសមិទ្ធផលថ្មីបន្ថែមទៀត ជូនគណបក្សប្រជាជនកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីបានជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ណែនាំដល់លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ឱ្យបន្តជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង តាមគ្រប់មធ្យោបាយទាំងអស់ ទាំងសមរភូមិជួរមុខ, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់ និងបច្ចេកទេស និងសមរភូមិព័ត៌មាន, ជាពិសេសការគិតគូរដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោមរូបភាពរួបរួមសាមគ្គីជាធ្លុងមួយ ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាខឿនការពារជាតិដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង រួមសាមគ្គីជុំវិញ រាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។

ឯកឧត្តម ហួត ហាក់ បានយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ ក៏បានគោរពថ្លែងអំណរគុណដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផល នៅថ្ងៃនេះ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រហូតដល់សមាជិកបក្សម្នាក់ៗគ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយលះបង់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា និយាយជារួម, និងដើម្បីគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ និយាយដោយឡែក៕