ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច និងស្ថានីយបូមទឹកនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ដែលសម្រេចបានជិត ១០០% ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ


នៅព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពអនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី និងស្ថានីយបូមទឹកចំនួនបីកន្លែងនៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ជំហាន១និងជំហាន២ ដែលសម្រេចបានជិត១០០% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច-ស្ទឹងក្រោមបាទី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជួយបង្វែរទឹកពីស្ទឹងព្រែកត្នោតប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចហូរចូលទៅបឹងទន្លេបាទី និងបន្តចូលបឹងជើងលោក ដែលការងារសំខាន់ៗរួមមាន ស្តារស្ទឹងតូច និងស្ទឹងក្រោមបាទី សរុបប្រវែង៥៨ គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប៦៦កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកមួយកន្លែងកម្ពស់៨ម៉ែត្រ ទទឹងខាង៥១ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ។ ដោយឡែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយមេ៣ខ្សែនិងប្រឡាយតភ្ជាប់១ខ្សែសរុបប្រវែង២៦,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួន៣កន្លែងគឺស្ថានីយបូមទឹកសាក់សំពៅ ស្ថានីយអន្លង់គង និងស្ថានីយព្រែកជ្រៃ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងជំហាន២ មានអនុគម្រោងចំនួន១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ លើឃុំចំនួន១៨ ស្រុកចំនួន៤ នៃខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ស្រុក-ក្រុងចំនួន៥ នៃខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និង ភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ នៃខេត្តតាកែវ៕