ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធការជំរុញការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៅទីស្ដីការក្រសួង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមានការសម្រេចកែសម្រួល និងច្របាច់បញ្ចូលគ្នានូវសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ឱ្យមានសង្គតិភាពនិងមានភាពប្រទាក់ក្រឡា ប្រកបដោយលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដើម្បីធានាការអនុវត្តប្រកបដោយភាពរលូន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការកែទម្រង់គន្លឹះសំខាន់ៗរបស់រាជរដ្ឋាភិបាល និងបានគូសបញ្ជាក់អំពីការងារសំខាន់ៗនៃការបង្កើត «គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច» ព្រមទាំងបានសង្កត់ធ្ងន់លើការរឹតបន្តឹងវិន័យ និងវត្តមានមន្ត្រី ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើជំរឿនមន្ត្រីរាជការឱ្យមានលក្ខណៈពេញលេញ និងទាន់ពេលវេលា។