អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់ជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣៣ នៅខេត្តកំពង់ស្ពឺ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជូនដល់​គ្រួសារ​សម្រាលបានកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៣ ដើម្បីជួយសម្រាលការ​លំបាក​នានា។ អំណោយដែលផ្តល់ជូនគ្រួសារសម្រាលបានកូនភ្លោះ៣នេះ ក៏មានអំណោយ​ជា​ថវិកា​​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរ។

អំណោយប្រកបដោយទឹកចិត្តសប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច​មហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម សេង ទៀង នាយករង​ខុទ្ទ​កាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា យកទៅប្រគល់ជូនដល់ដៃ​គ្រួសារសម្រាលបានកូនភ្លោះ៣នាក់នេះ នៅភូមិតាយស់ ឃុំជើងរាល់ ស្រុកសាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

អំណោយ​រួម​មាន ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ​៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

កូនភ្លោះបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច​មហាបវរធិបតី និងលោកជំទាវបណ្ឌិត នៅពេលនេះជាកូនលើកទី៣ ដែលមាន​ឪពុកឈ្មោះ យិន ពិសិដ្ឋ អាយុ ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ម្តាយឈ្មោះ ភាច ចាន់ណា អាយុ ២៦ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិតាយស់ ឃុំជើងរាល់ ស្រុកសាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ។

កូនភ្លោះបីនាក់នេះ សម្រាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជាតិ​តេជោ​សន្តិភាព មានប្រុសពីរនាក់ ស្រីម្នាក់។ នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុម​គ្រូពេទ្យ លោក សេង ទៀង បាននាំយកនូវប្រសាសន៍​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ ​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហា​បវរ​ធិបតី​ និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវបណ្ឌិត ​តែង​តែ​​​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋ នៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម សេង ទៀង ​មាន​​ប្រ​សា​សន៍​ឱ្យ​ដឹង​​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ រយៈពេលជាង ២៧​ឆ្នាំ​កន្លង​​មក​នេះ មាន​គ្រួសារបានកូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន​ ​៤៣៣គ្រួ​សារ​​​​​រួចហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្បុរស​ពី​សម្តេច​តេ​ជោ ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុង​ការ​ជួយ​ទំនុក​បម្រុង​ដល់​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ពិ​សេស​ការ​​ចិញ្ចឹម​បីបាច់ទារក​ភ្លោះ​បី​នាក់ ត្រូវ​ជា​ចៅៗ​​របស់​សម្តេច​នៅ​ពេល​ឆ្លង​ទន្លេរួច។

ឯកឧត្តម សេង ទៀង ​បន្តថា ជំនួយ​ឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​ ដែល​បម្រើ​ឱ្យសកម្ម​ភាព​នយោ​បាយ​នោះទេ។ ផ្ទុយ​ទៅវិញ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​ដែល​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។

លោកនាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយក្តីអាណិតស្រ ឡាញ់ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត, សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការ​លំបាក​របស់​គ្រួសារ​ដែលទទួលបានកូនភ្លោះបីនាក់។ នេះគឺជាគ្រួសារលើកទី៩ ដែលទទួលបាន​ថវិកា​ឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។

លោក សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្ត​ទុកដាក់តាម​ដានសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិនបើកូន​មានអាការៈ​អ្វី​ខុស​ពីប្រក្រតី សូមយកទៅកាន់មណ្ឌលសុខភាពដែលនៅជិត ធ្វើយ៉ាងណាកាត់បន្ថយ​គ្រោះថ្នាក់ដល់អាយុជីវិតរបស់កូន៕