សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជូនដល់គ្រួសារសម្រាលបានកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៣ ដើម្បីជួយសម្រាលការលំបាកនានា។ អំណោយដែលផ្តល់ជូនគ្រួសារសម្រាលបានកូនភ្លោះ៣នេះ ក៏មានអំណោយជាថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរ។
អំណោយប្រកបដោយទឹកចិត្តសប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងភរិយា យកទៅប្រគល់ជូនដល់ដៃគ្រួសារសម្រាលបានកូនភ្លោះ៣នាក់នេះ នៅភូមិតាយស់ ឃុំជើងរាល់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
អំណោយរួមមាន ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
កូនភ្លោះបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នៅពេលនេះជាកូនលើកទី៣ ដែលមានឪពុកឈ្មោះ យិន ពិសិដ្ឋ អាយុ ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ម្តាយឈ្មោះ ភាច ចាន់ណា អាយុ ២៦ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិតាយស់ ឃុំជើងរាល់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
កូនភ្លោះបីនាក់នេះ សម្រាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព មានប្រុសពីរនាក់ ស្រីម្នាក់។ នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុមគ្រូពេទ្យ លោក សេង ទៀង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តម សេង ទៀង មានប្រសាសន៍ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ រយៈពេលជាង ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារបានកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤៣៣គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចនៅពេលឆ្លងទន្លេរួច។
ឯកឧត្តម សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយកើតចេញពីទឹកចិត្តប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលសម្រាលកូនភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
លោកនាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយក្តីអាណិតស្រ ឡាញ់ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត, សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះបីនាក់។ នេះគឺជាគ្រួសារលើកទី៩ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។
លោក សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តទុកដាក់តាមដានសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិនបើកូនមានអាការៈអ្វីខុសពីប្រក្រតី សូមយកទៅកាន់មណ្ឌលសុខភាពដែលនៅជិត ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់កូន៕











