កម្ពុជា-ឡាវ បង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចជាមួយគ្នា


កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចជាមួយគ្នាទៅវិញទៅមក។

ការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នាឱកាសដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបប្រជុំទ្វេភាគី និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ លោកបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមក ប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលេីកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតកម្មកសិកម្ម ធ្វេីយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លេីស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដេីមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលេីការទប់ស្កាត់ភ្លេីងឆេះព្រៃ ការអភិរក្សព្រៃឈេី សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។

កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយសមភាគីទាំងពីរ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕