នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សឃុំព្រៃវិហារ និងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន៤០២ នាក់ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានគណៈកម្មាធការបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងឃុំ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកគណបក្សថ្មីសរុបប្រមាណ៤៨៥រូប។
ជាកិច្ចចាប់ផ្ដើម លោក មោគ ង៉ែត ប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃវិហារ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងទៅរបស់គណបក្សឃុំ។
ជាមួយគ្នានោះ លោក ពេជ ឧត្តម តំណាងសមាជិកសុំចូលថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ប្រកបដោយភាពស្វាហាប់ចំពោះមុខគណៈអធិបតីក្នុងការក្លាយខ្លួនសមាជិក ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈ និងគោលការណ៍ណែនាំនានារបស់គណបក្ស ក៏ដូចជាបំពេញតួនាទីជាឃោសនិកជូនគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តំណាងសមាជិកបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំព្រៃវិហារ ស្រុកគងពិសី ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពល ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សឲ្យបន្តគាំទ្រ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការជឿជាក់របស់សមាជិក សមាជិកាម្នាក់ៗមិនត្រឹមតែជាកម្លាំងចិត្ត ដល់ថ្នាក់ដឹកនាំគណបក្សក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាជម្រើសដ៏ត្រឹមត្រូវក្នុងការការពារផលប្រយោជន៍ដែលយើងកំពុងមាន និងទទួលបានសព្វថ្ងៃក្រោមការដឹកនាំរបស់គណបក្សផងដែរ៕

























