អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងរំដោះចំណីផ្លូវ និងធ្វើការរៀបចំឡើងវិញ នូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ជុំវិញបរិវេណផ្សារថ្មីពោធិ៍សាត់ ក្រុងពោធិ៍សាត់


អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងរំដោះចំណីផ្លូវ និងធ្វើការរៀបចំឡើងវិញ នូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ជុំវិញបរិវេណផ្សារថ្មីពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខណៈ ដែលសព្វថ្ងៃនេះ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ដោយសារតែអាជីវករ និងអ្នកមានទីលំនៅជុំវិញផ្សារ យកចំណីផ្លូវសាធារណៈ ធ្វើជាកន្លែងលក់ដូរ។

ជាក់ស្តែងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខអាជីវករ និងពិនិត្យដោយផ្ទាល់ លើកិច្ចការងារដែលបានដាក់ចេញកន្លងមក ជុំវិញការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ជុំវិញបរិវេណផ្សារពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងកោតសរសើរ ដល់រដ្ឋបាលក្រុងពោធិ៍សាត់ ដែលបានដឹកនាំ ចុះអនុវត្តសកម្មភាពខាងលើ បានជាប់ជាប្រចាំ និងទទួលបានលទ្ធផលល្អប្រសើរ ពោលគឺបានធ្វើឱ្យអាជីវករ បើកមុខផ្លូវនៅជុំវិញផ្សារបានមួយចំនួនធំ។

ឯកឧត្តមបានលើកឡើងថា ដើម្បីឱ្យកិច្ចការនេះ អនុវត្តទៅកាន់តែមានប្រសិទ្ធភាព ជោគជ័យយូរអង្វែង និងដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទិញទំនិញរបស់បងប្អូន កាន់តែច្រើនឡើងផងនោះ គឺទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ គណៈកម្មការផ្សារ អាជីវករ អ្នកមានទីលំនៅជុំវិញផ្សារ និងអ្នកមកទិញទំនិញផ្ទាល់តែម្តង។

បើតាម លោកស្រី សេង ហួយ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងជាអ្នកដឹកនាំអនុវត្តផ្ទាល់ បានឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យជុំវិញបរិវេណផ្សារ គឺជាកិច្ចការសំខាន់ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងសុខុមាលភាព របស់ប្អូនប្រជាពលរដ្ឋ។

លោកស្រី សេង ហួយ បញ្ជាក់ថា ពិតណាស់ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថានជុំវិញផ្សារ ទោះបីជាមានបំណងល្អ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង តែងតែជួបប្រទះនូវ ផលប៉ះពាល់ និងបញ្ហាប្រឈមជាច្រើនដែលស្មុគស្មាញ។

ដើម្បីអាចសម្រេចកិច្ចការងារនេះបានជោគជ័យ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ, លោកស្រីសូមឱ្យអាជីវករ និងអ្នកដែលមានទីលំនៅជំុវិញផ្សារ ឱ្យពួកគាត់សហការចូលរួមទាំងអស់គ្នា ដើម្បីឈានទៅរំដោះចំណីផ្លូវសាធារណៈរបស់រដ្ឋ ឱ្យបានធំទូលាយ មានផ្លូវថ្មើរជើង និងអាចឱ្យរថយន្ត ឬម៉ូតូចេញចូលបានយ៉ាងងាយស្រួលដូចមុន៕