ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី «ការចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦» កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «រៀបចំអនាគតទេសចរណ៍រួមគ្នា (Navigating Our Future, Together)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានសំខាន់ៗមួយចំនួនទៀត។
នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៥ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី លើកទី៥។
អង្គប្រជុំនឹងពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសផែនការវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០។
ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
ទន្ទឹមនឹងនេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន ៦ប្រភេទ៖ រង្វាន់ទីក្រុងស្អាតអាស៊ាន ចំនួន ៥រង្វាន់សណ្ឋាគារបៃតងអាស៊ាន ចំនួន ៥រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានចំនួន ២រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទបន្ទប់ប្រជុំ ចំនួន ៥រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទ សាលពិព័រណ៍ ចំនួន៥ និងរង្វាន់ស្ដង់ដា MICE អាស៊ានប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥។
ដោយឡែក ក្រសួងទេសចរណ៍ក៏នឹងដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដោយរំពឹងថាពិព័រណ៍នេះនឹងមានប្រតិភូចូលរួមចំនួន ៨៥០នាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចំនួន ១០០ស្តង់ពិព័រណ៍ (Booths) ចំនួន ៣៥០ស្ដង់ អ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុនផងដែរ៕




