អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី ដើម្បីបញ្ជូនទៅរៀននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលរាជធានីភ្នំពេញ


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ស្ថាពរចំនួន២២នាក់) ដើម្បីបញ្ជូនទៅរៀននៅវិទ្យាស្ថានកងរាជអាវុធហត្ថ កំបូលរាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តនៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ក្រោយពីស្ដាប់របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រួចមក ឯកឧត្តម នួន ផារ័ត្ន បានអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរចំនួន២២នាក់) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅរៀននៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងទិសដៅធ្វើឱ្យ កងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវៈ មានសមត្ថភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក។ កងទ័ព គឺមិនត្រឹមតែជាកម្លាំង ស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើយោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី/ភារកិច្ច បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន២២នាក់, លោក នួន ផារ័ត្ន ក៏ឧបត្ថម្ភជាថវិកាក្នុង ១នាក់ ទទួលបាននូវថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕