សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព, ការបណ្តុះបណ្តាល, គម្រោងសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាពគ្នា សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
ពិធីនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួមទាំងមាន លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈប្រតិភូអមដំណើរ និងសិក្ខាកាមមន្ត្រីជាន់ខ្ពស់ និងសិក្ខាកាមមន្ត្រីមធ្យមជាច្រើនរូបទៀត។
បើតាមឯកឧត្តម យក់ ប៊ុនណា ផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សាលាភូមិន្ទរដ្ឋបាល និងក្រសួងទេសចរណ៍ នឹងឯកភាពក្នុងការផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួងទេសចរណ៍ តាមរយៈការសហការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ, ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សានិងបទពិសោធការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ, ការអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗទៀត, ការចូលរួម និងការរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា និងការផ្លាស់ប្ដូរវាគ្មិនសម្រាប់បង្រៀនទៅវិញទៅមក។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ឱ្យដឹងទៀតថា អនុស្សរណៈនេះ ពិតជាសារៈសំខាន់ និងកាន់តែមានភាពចាំបាច់ដែលមិនអាចខ្វះបានក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់មន្ត្រីនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបបានទៅនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជាស្ថាប័នសាធារណៈដែលប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ស្អាតស្អំ និងការកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ទៀតថា កន្លងមកក្រសួងទេសចរណ៍ ក៏បាននឹងកំពុងខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ថាប័ន និងកសាងមូលធន់មនុស្សនៅក្នុងវិស័យទេសចរណ៍ ជាក់ស្តែង ក្រសួងតែងតែបានចាត់មន្ត្រីរាជការ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ទាំងក្នុងប្រទេស និងក្រៅប្រទេស បានជាច្រើនលើក និងច្រើននាក់ផងដែរ។
ថ្លែងនាឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ឱ្យដឹងថា ការពង្រឹង និងការកែរលម្អរសមត្ថភាពរដ្ឋបាលសាធារណៈ គឺជាការងារគន្លឹះ និងមានសារៈសំខាន់បំផុត ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ប្រែក្លាយធន់ធានមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានសមត្ថភាព និងមានវីជ្ជាជីវៈច្បាស់លាស់ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈនេះ ក៏ជាការឆ្លើយតបទៅនិន្នាការអភិវឌ្ឍន៍របស់សកលលោកក្នុងពេលបច្ចុប្បន្ននេះ ដែលពោរពេញទៅដោយភាពប្រកួតប្រជែង និងបញ្ហាប្រឈមអន្តរជាតិនានា ដែលតម្រូវឱ្យយើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ ក្នុងស្មារតីនេះសាលាភូមិន្ទរដ្ឋបាលបានពង្រឹង និងពង្រីកជាប្រចាំលើប្រសិទ្ធភាព និងគុណភាពកម្មវិធីបណ្តុះបណ្តាលតាមរយៈការធ្វើកំណែរទម្រង់ជាប្រចាំលើការងារដឹកនាំ ការងារគ្រប់គ្រង ការងារបណ្តុះបណ្តាល និងការងារជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការជាច្រើននាក់ ឱ្យទទួលបានការបណ្តុះបណ្តាលផងដែរ៕

















