ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដើម្បីត្រួតពិនិត្យសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនិងមន្ដ្រីបច្ចេកទេស ព្រមទាំងទីប្រឹក្សាបច្ចេកទេសទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងផងដែរ។
បន្ទាប់ពីបានស្តាប់ និងពិនិត្យលើការធ្វើបទបង្ហាញនៃការរៀបចំផែនការយុទ្ធសាស្ត្ររៀបចំដោយមន្ត្រីជំនាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជាមួយនឹងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារដ៏មានសារសំខាន់នេះ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត ក្នុងគោលដៅផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិស ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស សម្រាប់ការបន្ដរៀបចំផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិនេះ ឱ្យមានប្រសិទ្ធភាព និងមានភាពប្រាកដនិយម ដោយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០២៣-២០២៨, យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ២០២៥-២០៣៥, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងផែនការយុទ្ធសាស្ដ្រជាតិ និងផែនការសកម្មជាតិនានាដែលធ្លាប់មានកន្លងមក។
សូមជម្រាបជូនដែរថា ក្នុងនីតិកាលកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដាក់ចេញឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ ដើម្បីជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រកបដោយសមធម៌ និរន្ដរភាព និងសុវត្ថិភាព៕












