អភិបាលខេត្តកំពង់ចាម ប្រគល់ត្រីឆ្អើរ ៣,០០០ចង្កាក់ និងអំណោយ ៦មុខទៀត ជូនវីរកងទ័ពជួរមុខ ទិសទី១ ប្រាសាទព្រះវិហារ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានប្រគល់ត្រីឆ្អើរចំនួន ៣,០០០ ចង្កាក់ និងអំណោយគ្រឿងឧបភោគ បរិភោគ ៦មុខទៀត ជូនដល់វីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ទិសទី១ប្រាសាទព្រះវិហារ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងសប្បុរសជនដែលបានចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រគល់ជូន ដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ដែលជាដំណាក់កាលបន្តបន្ទាប់ នៃការគាំទ្រដល់សមរភូមិមុខ ដោយបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជាយេីង។

គួរបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូនដល់ កងពលតូចអន្តរាគមន៍លេខ៨នាពេលនោះ មានចំនួន ៧មុខ ដូចជា ត្រីឆ្អើរចំនួន ៣,០០០ចង្កាក់ អង្ករ ៥តោន មីកំប៉ុង ១០០កេស ភេសជ្ជៈ ៥០កេស បាយក្តាំង ២០០កញ្ចប់តូច នំប៉័ងស្រួយ ១២០កញ្ចប់ អំបុក ៣០០កញ្ចប់ និងថវិកាចំនួន ១០លានរៀលផងដែរ៕