ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ដើមខែដំបូងឆ្នាំ២០២៦នេះ ផ្លូវ ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋានបណ្តើរៗហើយ ដោយប្រើប្រាស់ថវិកាជាតិ,ដោយឡែកនៅសល់ ២១ខ្សែទៀត ដែលជាគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គ្រោងរៀបចំដេញថ្លៃនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ឆាប់ៗនេះ និងគ្រោងចាប់ផ្តើមការងារសាងសង់ក្នុងអំឡុងខែមេសាខាងមុខនេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា ក្រុងបាត់ដំបង ទទួលគម្រោងធំៗចំនួន៣ ពីរាជរដ្ឋាភិបាល ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖
ទី១៖ គម្រោងសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។
ទី២៖ គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ សាងសង់រួចរាល់ ១០០ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតានៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។
ទី៣៖ គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥។ គម្រោងនេះប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ។
ឯកឧត្តម ផន រឹម ក៏បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋ ដែលយោគយល់ អធ្យាស្រ័យខ្ពស់ ដល់ដំណើរការអនុវត្តន៍គម្រោងរហូតទទួលបានជោគជ័យតាមការគ្រោងទុក៕










