លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចូលរួមជាអធិបតី បើកសន្និបាទកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៦


លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានចូលរួមក្នុងពិធីបើក បើកសន្និបាទសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៦ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។

ពិធីមានការចូលរួមពីសំណាក់​ ឯកឧត្តម អ៊ុក​ ថា​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​ នឹងជាប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កែប​ ព្ព្រមទាំងជួរថ្នាក់ដឹកនាំ​ មន្ត្រីរាជការ សមាជិក សមាជិកា យុវជន និងអ្នកស្ម័គ្រចិត្ត សរុប ជាង ៣០០នាក់។

សន្និបាតសាខាកាក​បាទក្រហមកម្ពុជា​ខេត្តកែប​ មានគោលបំណងពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុអាណត្តិទី៥ កំណត់ទិសដៅការងារអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខា​ អាណត្តិទី៦។ ជាលទ្ធផល អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ចំនួន១៥រូប ដោយទទួលបានការគាំទ្រឯកភាព ៤៧លើ ៤៧សំឡេង ហើយបានអនុម័តសមាសភាពដឹកនាំ រួមមាន លោកបណ្ឌិត សោម ពិសិដ្ឋ ជាប្រធាន លោកស្រី អ៊ុល ភីរុណ ជាអនុប្រធានអចិន្ត្រៃយ៍ លោក​ឱសថ​ការី​ ម៉ែន​ សុធីរ​ ជាអនុប្រធាន​ លោក កែវ ហុង ជាហិរញ្ញិក និងលោកស្រី អ៊ូ សុគន្ធី ជាលេខាធិការ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក្នុងនាមជាប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​កែប​ អាណត្តិ​ទី៦​នេះ បានប្តេជ្ញាបន្តអនុវត្តគោលការណ៍គ្រឹះទាំង៧ នៃចលនាកាកបាទក្រហម ពង្រឹងសាមគ្គីភាព និងដឹកនាំសាខាឲ្យអនុវត្តភារកិច្ចមនុស្សធម៌ ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសបិទសន្និបាត លោកជំទាវ ពុំ ចន្ទីនី បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដោយអំពាវនាវឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បន្តពង្រឹងសកម្មភាពមនុស្សធម៌ លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ការបង្ការគ្រោះមហន្តរាយ សុខភាពសាធារណៈ និងវប្បធម៌នៃការចែករំលែកក្នុងសង្គម៕