រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៦


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សំដៅទទួលបានលទ្ធផលល្អ សម្រាប់ឆ្នាំថ្មីជាបន្តទៀត។

ពិធីបើកសន្និបាតខាងលើនេះ បានប្រារព្ធធ្វើឡើង នៅក្នុងសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត, លោក-លោកស្រីអភិបាល-អភិបាលរង ក្រុង-ស្រុក និងអង្គភាពស្ថាប័ន មន្ទីរជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥កន្លងទៅ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្ដេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបន្តការអនុវត្តលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាចម្បង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តភារកិច្ច និងសមិទ្ធផលនានា ទោះបីស្ថិតនៅក្នុងបរិបទ នៃការទប់ទល់និងសង្គ្រាម និងការធានាស្ថេរភាពសន្តិភាពជូនប្រជាពលរដ្ឋក៏ដោយ ក៏ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំក្នុងការអនុវត្តតួនាទីកន្លងមក បានយ៉ាងល្អប្រសើរ ទាំងការដោះស្រាយនូវរាល់ការប្រឈមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកិច្ចការជាអាទិ ភាពជាច្រើនទៀតផងដែរ។

ទន្ទឹមនិងនេះ ជាកិច្ចអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបន្តសហការគ្នា នឹងធ្វើការប្ដេជ្ញាចិត្តពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព ដោយផ្ដោតលើការដោះស្រាយបញ្ហាប្រឈមនានាដូចជា៖ បទល្មើសនេសាទ, ការកាប់រានដីព្រៃលិចទឹក, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការទប់ស្កាត់ក្មេងទំនើង, និងគ្រឿងញៀន។

លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើការកែលម្អវិស័យអប់រំ, សុខាភិបាល, ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការកសាងផ្លូវ និងរៀបចំផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្មសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍខេត្តរបស់យើង ឲ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត៕