នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហគមន៍ធុរកិច្ចជាច្រើនរូប។ កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដែលចាប់ផ្តើមឡើងដោយការថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់ លោក Lin Shiqiang ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា ព្រមទាំងការអញ្ជើញឡើងអានសារលិខិតអបអរសាទរពី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដោយ លោកជំទាវ Zhong Jie ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិន។
តាមរយៈសុន្ទរកថាក្នុងកម្មវិធីនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី មុននឹងឈានដល់ខ្លឹមសារសុន្ទរកថាគន្លឹះដ៏មានសារៈសំខាន់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានសង្កត់ធ្ងន់លើការបន្តរុញច្រានមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ និងការកសាងសហគមន៍វាសនារួមតាមរយៈការវិនិយោគប្រកបដោយគុណភាព និងចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង «មិត្តភាពដែកថែប» ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់រវាងប្រជាជន និងប្រជាជន ក្នុងស្មារតីកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាននាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថាជា «ស្ពានតភ្ជាប់ដ៏មានឥទ្ធិពល» ដែលបានជំរុញឱ្យសហគ្រាសនៃប្រទេសទាំងពីរដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
ក្រឡេកមកមើលលើទិដ្ឋភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (BRI) ដែលជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី «ប្រទេសដែលមានសក្តានុពល» ទៅជា «ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឈានទៅរកទិសដៅអនាគត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បីរុញច្រានកម្ពុជាឱ្យកាន់តែមានភាពធន់ក្នុងយុគសម័យឌីជីថល។ ក្នុងនោះរួមមាន ការជំរុញផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោល្បីៗលើទីផ្សារអន្តរជាតិ ការវិនិយោគលើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។
ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺផ្ដោតលើ «គុណភាព និងចីរភាព» ដែលអាចជួយឱ្យកម្ពុជាក្លាយជាថ្នាំងឡូជីស្ទីកដ៏សំខាន់នៅក្នុងច្រករបៀងមេគង្គ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ដើម្បីគាំទ្រដល់មហិច្ឆតានៃការកសាងអនាគតរួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយរាល់បញ្ហារាំងស្ទះតាមរយៈយន្តការថ្មីៗ។ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសពីការដាក់ឱ្យដំណើរការ «វេទិកាសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន (PPSD)» ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅខែកុម្ភៈខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់ ៦ខែម្តង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកវិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និងអាចប៉ាន់ប្រមាណបាន។
ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រ និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការសម្រេចដំឡើងនិងតែងតាំងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានទី៣ ក.អ.ក. បន្ថែមលើមុខតំណែងបច្ចុប្បន្ន។
ការតែងតាំងនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួល និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះរាល់បញ្ហាលំបាកនានារបស់អ្នកវិនិយោគ ជាពិសេសក្នុងវិស័យថាមពល និងរ៉ែ ដែលជាឆ្អឹងខ្នងនៃវិស័យឧស្សាហកម្ម និងផលិតកម្ម។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ញើសារដ៏មានឥទ្ធិពលតាមរយៈសុភាសិតបែបទស្សនវិជ្ជាពីរឃ្លា រួមមាន «សសរមួយដើមមិនអាចទ្រផ្ទះបាន» និង «បើចង់ទៅឱ្យឆ្ងាយ ត្រូវទៅជាមួយគ្នា» ដើម្បីរំលឹកថា ភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត គឺអាស្រ័យលើការរួបរួមកម្លាំងគ្នារវាងរដ្ឋ និងឯកជន ក្នុងនាមជាសមាជិកនៃសហគមន៍វាសនារួមតែមួយ។ ក្នុងនាមជាដៃគូដែល «ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ» កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ៕














































