ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកភ្លៀង ដែលកំពុងដំណើសាងសង់សម្រេចបានប្រមាណជាង ៦០%ហើយ នៅក្នុងមូលដ្ឋានភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
នៅក្នុងដំណើរការចុះត្រួតពិនិត្យការដ្ឋានគម្រោងសាងសង់ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្រេង សុភាព ឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្ត លោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណកាខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ចៅសង្កាត់ក្រុមប្រឹក្សាសង្កាត់ក្រចេះ ។
គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន គម្រោង សម្រាប់ខេត្តក្រចេះ មានអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង និងជាប្រព័ន្ធការពារទឹកជំនន់ គិតត្រឹមខែមករាឆ្នាំ២០២៦នេះសម្រេចបាន៦៨ %។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សាងសង់លើផ្ទៃដីទំហំ ១៦.៧ម៉ែត្រ x៣០ម៉ែត្រ មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ បំពាក់ម៉ាស៊ីនបូមទឹកចំនួន ០៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០,៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង ក្នុងនោះមានចាក់ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹង ៧.៥ម៉ែត្រ-សាងសង់នូវបណ្តាញ លូបេតុងប្រអប់មេប្រវែង ១១២៣ម៉ែត្រ -សាងសង់បណ្តាញលូប្រមូលទឹកតភ្ជាប់ជាមួយបណ្តាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ និងសាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាតប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ សម្រេចបាន ៣៩,៩៨% ។
សាងសង់ផ្លូវបេតុងប្រវែង ១៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់ភ្លើងបំភ្លឺ ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជនក្នុងក្រុង លោកថា នៅមានចអនុគម្រោងកែលម្អក្រុង ថែមទៀតផងដែរ ដែលកំពុងដំណើរការសាងសង់ សម្រេចបាន៦០%ត្រឹមពេលនេះ។ សមិទ្ធិផលទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្មុងការលើកកម្ពស់អនាម័យសុខភាព សោភ័ណ្ឌភាព បរិស្ថាន និងជីវភាពប្រជាពលរដ្ឋក្នុងក្រចេះ ៕







