២ឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស


ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប ២ឆ្នាំនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា។

សមាគមបានរៀបចំពិធីនេះទ្បើងដើម្បីបង្កើនភាពស្និទ្ធស្នាល ចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ច ព័ត៌មានស្តីពីវិនិយោគ ក៏ដូចជាពង្រឹងនិងពង្រីកសាមគ្គីភាពនៃបណ្តាក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅក្នុងទឹកដីនៃខេត្តស្វាយរៀង។

ថ្លែងនាពិធីនោះឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)ខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា ការធ្វើធុរកិច្ចគឺត្រូវធ្វើយ៉ាងណាដើម្បីទទួលបានផលចំណេញ ប៉ុន្តែបន្ថែមលើការប្រឹងប្រែងស្វែងរកផលចំណេញ ក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ចក្នុងសកម្មភាពទទួលខុសត្រូវសង្គមផងដែរ។ ក្នុងន័យនេះលោកបានមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេស អាជ្ញាធរមូលដ្ឋានដែលផ្តល់ការគាំទ្រ និងបង្កបរិយាកាសអំណោយផលដល់វិនិយោគិននៅក្នុងទឹកដីខេត្តស្វាយរៀងទាំងមូល៕