ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា វាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលរួមគ្នាបម្រើពលរដ្ឋ និងស្នើសូមបន្តខិតខំបន្ថែមទៀត ដើម្បីទទួលបានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំង


ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលរួមគ្នាជាធ្លុងមួយក្នុងគោលដៅតែមួយ គឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។

ការវាយតម្លៃបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹងកម្លាំងដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីវាយតម្លៃលើការងារស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីស្វែងរកដំណោះស្រាយនៅចំពោះមុខ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា នៅក្នុងមូលដ្ឋានមានតួអង្គសំខាន់៦ នៅក្នុងមូលដ្ឋានដែលជាបង្គោលដ៏រឹងមាំនៅក្នុងមូលដ្ឋានរួមមានទី១៖ មេឃុំ ចៅសង្កាត់, ទី២៖ ស្មៀនឃុំ សង្កាត់, ទី៣៖ ជំទប់ឃុំ សង្កាត់, ទី៤៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ទី៥៖ ប្រធានមណ្ឌលសុខភាព, និងទី៦៖ មេភូមិ ដូចនេះតួអង្គសំខាន់ចំនួន០៦ គឺជាតួអង្គធំដែលធ្វើឱ្យគណបក្សនៅក្នុងមូលដ្ឋានខ្លាំង ឬខ្សោយ ដូច្នេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋរបស់ខ្លួនដោយយកចិត្ដទុកដាក់បំផុត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបង្ហាញពីភាពសកម្មរបស់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដែលបានសហការគ្នាក្នុងរូបភាពជាធ្លុងមួយ នៃការចុះជួយមូលដ្ឋានចំណុចនេះជារឿងដ៏សំខាន់ដែលបានអនុវត្តន៍តាមទិសស្លោករបស់គណបក្ស គឺភាពរឹងមាំ និងភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា គឺពឹងលើអំពើល្អរបស់សមាជិកគណបក្ស។ ជាក់ស្តែងសមាជិករបស់គណបក្សបានចុះអន្តរាគមន៍ភ្លាមៗទៅដល់មូលដ្ឋានដែលបង្ហាញពីការយកចិត្តខ្ពស់ ចំពោះប្រជាពលរដ្ឋដែលជាសំលេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅរបស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវហ៊ានតែនិយាយពីចំណុចខ្វះខាត ដើម្បីឈានទៅរកដំណោះស្រាយភ្លាមៗ ទាន់ពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីផ្តល់នូវជំនឿចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់គោលដៅរួមរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនដោយភាពស្មោះត្រង់៕