ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង៥០៩២ម៉ែត្រ ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល ប្រតិភូអមដំណើរ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងលោក លោកស្រីជាក្រុមការងារ អាជ្ញាធរដែនដី ប្រជាពលរដ្ឋប្រមាណជាង ១ ០០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានចូលររួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ចំពោះសមិទ្ធផលផ្លូវចាក់បេតុងប្រវែងជាង ៥ គីឡូម៉ែត្រ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ហើយលោកនិងជួយស្ថាបនាផ្លូវបេតុងដែលនៅសល់ក្នុងគម្រោងប្រវែងជាង១៨០០ម៉ែត្របន្ថែមទៀត ទុកជាចំណងដៃជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំង ដើម្បីធ្វើដំណើរកាន់តែងាយស្រួល។
ឯកឧត្តម កែវ រតនៈបានគូបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដឹកនាំបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រែក្លាយពីប្រទេស ដែលនៅសល់ផេះផង់ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបន្តថា ចំពោះវិស័យអគ្គិសនីនៅមុនឆ្នាំ១៩៩៨ប្រទេសកម្ពុជាយើង គឺមានភ្លើងប្រើប្រាស់មិនដល់១០ភាគរយទេ តែឥឡូវនេះដោយសារកត្តាសុខសន្តិភាពដែលបានចាក់ឫសក្រោយឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបានធ្វើឱ្យអគ្គិសនីកម្ពុជាបានបង្រីកបណ្ដាញតភ្ជាប់បាន៩៩ភាគរយនៅភូមិជាង ១ ម៉ឺនភូមិ មានភ្លើងប្រើប្រាស់ដូចគ្នាពីបណ្ដាញជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអរគុណទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តកណ្ដាល ដែលស្រឡាញ់សន្តិភាព ហើយបានគាំទ្រគោលនយោបាយសន្តិភាព និងការអភិវឌ្ឍបន្តរបស់រាជរដ្ឋាភិបាល ហើយក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជឿជាក់ថានឹងធ្វើឲ្យវិស័យអគ្គីសនីកាន់តែសម្បូរ កាន់តែឯករាជ្យពីប្រទេសជិតខាង និងកាន់តែចុះថ្លៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល។
បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចាត់ឱ្យក្រុមការងារចុះសិក្សា ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីមកកាន់ភូមិកោះពាមរាំងនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានភ្លើងប្រើប្រាស់គ្រប់គ្រាន់ផងដែរ៕














