ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឺងសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ឯកឧត្តម អេង ទូចសមាជិក គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន រួមជាមួយ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ដំរី ជាន់ខ្លា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ «ទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ»។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ទាំង៨, គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន និង សង្កាត់ទាំង៨, សាខាគណបក្ស និងសមាជិក សមាជិកាគណបក្ស ប្រមាណជាង៧០០រូប។

ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដំរី ជាន់ខ្លា បានរាយការណ៍អំពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ដំរី ជាន់ខ្លា រួមជាមួយគណៈកម្មាធិការគណបក្សសង្កាត់ដំរីជាន់ខ្លា និងសាខាគណបក្សតាមភូមិនីមួយៗ សម្រេចបានទាំងការងារគណបក្ស និងការចូលរួមអភិវឌ្ឍមូលដ្ឋាន។ ក្នុងនោះ «ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ» គឺជាសមិទ្ធផល កើតចេញពីការ រួមសាមគ្គីកៀរគរ ថវិកា ពីឥស្សរជនជាថ្នាក់ដឹកនាំ ព្រមទាំងការចូលរួមពីសមា ជិក សមាជិកា ក្រុមការងារគណបក្ស និងសប្បុរសជននានា។

ទីស្នាក់ការគណបក្សនេះ បានចាប់ផ្ដើមសាងសង់ កាលពីខែ មីនា ឆ្នាំ២០២៤ លើផ្ទៃដីទំហំ១៥០០ម៉ែត្រការ៉េ រួមមាន អាគារទំហំ ៩៨ម៉ែត្រការ៉េ (សាលប្រជុំធំ១ , ការិយាល័យ ទំហំ២២ម៉ែត្រការ៉េ , សំយាបក្រោយស្នាក់ការ ទំហំ៨៤ម៉ែត្រ ការ៉េ , បន្ទប់ ទឹកដាច់ដោយឡែកចំនួន៤, ចំណតរថយន្ត និងសួន និងរបងព័ទ្ធជុំវិញ)ដោយចំណាយថវិកាសរុបចំនួន៧៥ ០០០ដុល្លារអាម៉េរិក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណបក្សមូលដ្ឋានគ្រប់ថ្នាក់ ដែលបានគាំទ្រ និងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការសម្រេចនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។

ឯកឧត្តម អេង ទូច ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះការសាងសង់រួចរាល់ជាស្ថាពរ ទីស្នាក់ការគណបក្សសង្កាត់ដំរីជាន់ខ្លា ដែលជាសមិទ្ធផលថ្មីមួយទៀត និងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់និងគណៈកម្មាធិការគណបក្សសង្កាត់ដំរីជាន់ខ្លា ស្របតាមការដ្ឋានយុទ្ធសាស្ត្រដែលបានដាក់ចេញដោយឯកឧត្ដម វង្សី វិស្សុត ក្នុងទិសដៅកសាងឱ្យមានទីស្នាក់ការ គណបក្សប្រជាជន កម្ពុជានៅមូលដ្ឋានឃុំ សង្កាត់ ឱ្យបានគ្រប់ទាំង៨១ នៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលនេះ គឺជាមូលដ្ឋានគាំទ្រដ៏រឹងមាំនៅមូលដ្ឋាន ដើម្បីឆ្លើយតប ដោយប្រសិទ្ធភាពទៅនឹងសំណូមពរនៃការងាររបស់គណបក្ស និងជាចន្ទល់មួយយ៉ាងសំខាន់ក្នុងការងារកសាងនិងពង្រឹង គណបក្សឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំង ក្នុងគោលដៅសម្រេចនូវចក្ខុវិស័យ ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្ស។

ឯកឧត្តម អេង ទូច ក៏បានណែនាំ ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ គណបក្សនៅមូលដ្ឋាន មន្រ្តីគណបក្ស និងសមាជិក សមាជិកាគណបក្ស ប្រកាន់ខ្ជាប់នូវឧត្តមគតិនិងបុព្វហេតុរបស់គណបក្ស ដែលយក «ប្រជាជនជាធំ» និងបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីរួមគ្នាការពារការឈ្លានពានពីខាងក្រៅផង និងដើម្បីបម្រើប្រជាជន ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងបញ្ហាលំបាកនានាផង ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសត្រូវរិះរកមធ្យោបាយលើកកម្ពស់ជីវភាពប្រជាជន ពិសេសប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព (ក្រ១ និងក្រ២)ស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនេះ សូមរួមគ្នាត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ ឱ្យបានជាដាច់ខាត និងសូមបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាពិសេសលើការការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងការជំរុញកសាងនិងអភិវឌ្ឍជាតិយើង៕