រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងយុត្តិធម៌ហ្សកហ្ស៊ី និងធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈប៊ីលីស៊ី


បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងការបរទេសហ្សកហ្ស៊ី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារជាមួយ លោក Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្សកហ្ស៊ី។

លោក Paata Salia បានចែករំលែកអំពីបទពិសោធរបស់ក្រសួងយុត្តិធម៌ហ្សកហ្ស៊ីនិងទីភ្នាក់ងារចំណុះ ក្នុងការផ្ដល់សេវាសាធារណៈជាច្រើនដល់ប្រជាពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី។ ក្នុងនោះឯកឧត្ដមក៏បានបញ្ជាក់អំពីចំណាប់អារម្មណ៍និងចង់ស្វែងយល់បន្ថែមអំពីថ្នាល verify.gov.kh របស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់បទបង្ហាញអំពីថ្នាល verify.gov.kh https://verify.gov.kh   ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសហការីហ្សកហ្ស៊ីបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងនិងស្នើឱ្យមានការពិភាក្សាបន្ត។

ទន្ទឹមនេះ លោកបានអញ្ជើញរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចូលរួមវេទិកាសេវាសាធារណៈនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេសហ្សកហ្ស៊ី នាខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលសេវាសាធារណៈ (Public Service Hall) ក្រុងប៊ីលីស៊ី និងគំរូសាលសេវាសាធារណៈចល័ត ដែលផ្ដល់សេវាសាធារណៈជាច្រើនប្រភេទជូនពលរដ្ឋនិងធុរកិច្ចហ្សកហ្ស៊ី៕