ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
ពិធីនេះមានការចូលរួមពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អគ្គិសនីកម្ពុជា, សមាគមអគ្គិសនីជនបទ, ធនាគារ, អាជ្ញាធរមូលដ្ឋាន, អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស។
បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ការរៀបចំសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីវឌ្ឍនភាព និងការប្រឈមនានា ដែលវិស័យអគ្គិសនីបានជួបប្រទះនាពេលកន្លងមក ព្រមទាំងធ្វើការពិភាក្សា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រោះវាមានតួនាទីសំខាន់ទាំងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងអាណត្តិទី៧ វិស័យអគ្គិសនីកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព បង្កើនការផ្គត់ផ្គង់ថាមពល និងគាំទ្រកំណើនសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំពីអាណត្តិកន្លងមក។
លោក យឹម វិសិដ្ឋ បានឱ្យដឹងថា ប្រព័ន្ធបណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ៖ ផ្នែកនេះ យើងមានហេដ្ឋារចនាសម្ព័ន្ធចំនួន៣ គឺទី១. ខ្សែបណ្តាញ MV, ទី២. ត្រង់ស្វូចែកចាយ និង៣. ខ្សែបណ្តាញ LV។ នៅចុងឆ្នាំ២០២៣ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០០៨ ស្មើ ៩៨.៨៧%។ មកដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០៤៨ ស្មើ ៩៩.១៥% កើនឡើងចំនួន ៤០ភូមិ។ ដោយឡែក នៅចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,៤៣៨ កើនឡើងចំនួន ៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី ៩៩.១៥% មក ៩៩.០៩%។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុចំនួនភាគរយប្រៀបធៀបជាមួយចំនួនភូមិសរុប មានការថយចុះនេះ ដោយសារកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុប ១៤,១៦៨ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុបថ្មី ដែលមានចំនួន ១៤,៥៧០ គឺចំនួនភូមិបានកើនឡើង ៤០២ភូមិ។ ផ្អែកតាមគម្រោងផែនការក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៦៧ ភូមិទៀត។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថាដូច្នេះ យើងអាចសល់ភូមិចំនួន៦៥ ត្រូវជា ០.៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង, តំបន់គ្មានផ្លូវធ្វើដំណើរ, តំបន់កោះ, តំបន់រស់នៅបណ្តែតទឹក, តំបន់លិចទឹកនៅរដូវវស្សា, តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ, តំបន់តាំងទីលំនៅថ្មី ជាដើម ដែល ត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ៕


























