កម្ពុជា កំពុងកសាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ស្របពេលដែលដំណើរការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុត។
យោងតាមក្រសួងយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រសួងយុត្តិធម៌ បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិភាក្សាទៅលើការកសាងច្បាប់នេះ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌ផងដែរ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ។
ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។
តាមរយៈការបង្កើតច្បាប់នេះ ក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

























