ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្តែងការរៀបចំសណ្តាប់ធ្នាប់នៅសំណង់ក្បាលហុងស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


ថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចកទេស និងទីប្រឹក្សាជាតិ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងការងាររៀបចំសណ្តាប់ធ្នាប់នៅសំណង់ក្បាលហុងស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា សំណង់ក្បាលហុងស្ទឹងតូចនេះជាសំណង់មួយដ៏ទំនើបសម្រាប់ស្ទាក់ទឹក និងបង្វែរទឹក ជាពិសេសជាទីតាំងបម្រើឱ្យពហុបំណង ដែលមានការរៀបចំសណ្តាប់ធ្នាប់ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធ ត្រៀមលក្ខណៈដើម្បីទេសចរណ៍ និងកម្មវិធីនានាផងដែរ។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លៀតឱកាសចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមដែលកំពុងតែមមាញឹកក្នុងការសាងសង់។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ និងមន្ត្រីបច្ចេកទេសទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមស្តង់ដា និងនិយាមឱ្យបានត្រឹមត្រូវ ជាពិសេសគិតគូរយកចិត្តទុកដាក់ខ្ដស់លើសុវត្ថិភាព និងបរិស្ថានជាចម្បង៕