ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ ដោយផ្តោតសំខាន់រកការងារជូនពលរដ្ឋ និងពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ


ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជាទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែមករា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន និង៣៖ បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។

លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឱ្តខេត្តប៉ៃលិន យើងមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ, ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕