រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ១.៥លានដុល្លារអាមេរិក ជូនកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។
ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយលោកស្រី Kyungnan Park នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថា ការចូលរួមវិភាគទានចំនួន ១,៥លានដុល្លារអាមេរិក របស់ជប៉ុន នឹងប្រើប្រាស់សម្រាប់ការស្តារជីវភាពរស់នៅ និងការពង្រឹងអាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមឈ្លានពានដោយកងទ័ពថៃ។ គម្រោងនេះមានគោលបំណងជួយគ្រួសារងាយរងគ្រោះកសាងជីវភាពរស់នៅរបស់ពួកគេឡើងវិញ កែលម្អភាពចម្រុះនៃរបបអាហារ និងពង្រឹងភាពធន់របស់សហគមន៍បន្ទាប់ពីវិបត្តិ។
ការប៉ះទង្គិចគ្នានៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យមនុស្សជាង ៦០០,០០០នាក់ ត្រូវបានភៀសខ្លួនចេញពីផ្ទះ ខណៈពលករចំណាកស្រុកបន្ថែមចំនួន ៩០០,០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ដែលធ្វើឱ្យសេវាកម្មសំខាន់ៗរងផលប៉ះពាល់។ សហគមន៍នានាក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ បន្តប្រឈមការខូចខាតផ្លូវថ្នល់ ប្រព័ន្ធកសិកម្ម ត្រូវបានបំផ្លាញ ប្រាក់ចំណូលត្រូវបានរំខាន និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។
ក្នុងរយៈពេល ១២ខែខាងមុខ កម្មវិធីស្បៀងអាហារពិភពលោក (WFP) នឹងអនុវត្តកម្មវិធីជំនួយស្បៀងអាហារដល់ជនងាយរងគ្រោះដោយអាហារូបត្ថម្ភ ដែលផ្តល់អង្ករនិងសាច់ប្រាក់ដល់គ្រួសារគ្មានសុវត្ថិភាពស្បៀងអាហារ។ បន្ថែមពីលើនោះ ក៏នឹងមានការស្តារឡើងវិញនូវទ្រព្យសម្បត្តិសហគមន៍សំខាន់ៗ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹក និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដែលមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញរយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។
គម្រោងនេះនឹងគាំទ្រដោយផ្ទាល់ដល់គ្រួសារចំនួន ១,៥០០គ្រួសារ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៦,០០០នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតនឹងទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិសហគមន៍ដែលបានស្តារឡើងវិញ។ អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យគ្រួសារដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ជនចំណាកស្រុកដែលវិលត្រឡប់មកផ្ទះវិញ ស្ត្រី កុមារ និងក្រុមដែលប្រឈមនឹងហានិភ័យនៃអាហារូបត្ថម្ភ។
លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈភាពជាដៃគូរបស់យើងជាមួយ WFP ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោង ដែលភ្ជាប់ជំនួយស្បៀងអាហារជាមួយការស្តារជីវភាពរស់នៅបានល្អប្រសើរឡើងវិញ»។
លោកស្រី Kyungnan Park តំណាង WFP និងជានាយកប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើលក្ខណៈរួមបញ្ចូលគ្នានៃគម្រោងនេះថា «គម្រោងនេះនាំមកនូវសន្តិសុខស្បៀងអាហារូបត្ថម្ភ ជីវភាពរស់នៅ និងការស្តារនីតិសម្បទាសហគមន៍។
«តាមរយៈការរួមបញ្ចូលជំនួយបន្ទាន់ជាមួយការស្តារឡើងវិញដែលដឹកនាំដោយសហគមន៍ យើងកំពុងគាំទ្រដល់គ្រួសារនានាឱ្យកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈដែលកំពុងដាក់គ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងស្ថិរភាពរយៈពេលវែងនៅក្នុងខេត្តជាប់ព្រំដែនរបស់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់លោកស្រី Kyungnan Park៕




