ជប៉ុន ផ្ដល់ជំនួយ ១.៥លានដុល្លារ ស្តារជីវភាពពលរដ្ឋរងផលប៉ះពាល់​ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ


រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ១.៥លានដុល្លារអាមេរិក ជូនកម្មវិធីស្បៀង​អាហារពិភពលោក ដើម្បីស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែល​រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយលោកស្រី Kyungnan Park នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថា ការចូលរួមវិភាគទានចំនួន ១,៥លានដុល្លារអាមេរិក របស់ជប៉ុន នឹងប្រើប្រាស់សម្រាប់ការស្តារជីវភាពរស់នៅ និងការ​ពង្រឹង​អាហារូបត្ថម្ភ​នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់​បណ្តាលមកពីសង្គ្រាម​ឈ្លាន​ពានដោយកងទ័ពថៃ។ គម្រោងនេះមានគោលបំណងជួយគ្រួសារងាយរង​គ្រោះ​កសាង​ជីវភាពរស់នៅរបស់ពួកគេឡើងវិញ កែលម្អភាពចម្រុះនៃរបបអាហារ និងពង្រឹងភាពធន់​របស់​សហគមន៍បន្ទាប់ពីវិបត្តិ។

ការប៉ះទង្គិចគ្នានៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បាន​ធ្វើឱ្យមនុស្សជាង ៦០០,០០០នាក់ ត្រូវបានភៀសខ្លួនចេញពីផ្ទះ ខណៈពលករ​ចំណាក​ស្រុកបន្ថែមចំនួន ៩០០,០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ដែលធ្វើឱ្យសេវាកម្ម​សំខាន់ៗ​រងផលប៉ះពាល់។ សហគមន៍នានាក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ បន្ត​ប្រឈមការខូចខាតផ្លូវថ្នល់ ប្រព័ន្ធកសិកម្ម ត្រូវបានបំផ្លាញ ប្រាក់ចំណូលត្រូវបានរំខាន និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។

ក្នុងរយៈពេល ១២ខែខាងមុខ កម្មវិធីស្បៀងអាហារពិភពលោក (WFP) នឹងអនុវត្តកម្ម​វិធី​ជំនួយស្បៀងអាហារដល់ជនងាយរងគ្រោះដោយអាហារូបត្ថម្ភ ដែលផ្តល់អង្ករ​និងសាច់​ប្រាក់ដល់គ្រួសារគ្មានសុវត្ថិភាពស្បៀងអាហារ។ បន្ថែមពីលើនោះ ក៏នឹងមានការ​ស្តារ​ឡើង​វិញនូវទ្រព្យសម្បត្តិសហគមន៍សំខាន់ៗ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក ប្រព័ន្ធ​ធារា​សាស្ត្រ បណ្តាញទឹក និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដែលមាន​សារៈសំខាន់​សម្រាប់​ការ​ស្តារឡើងវិញរយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។

គម្រោងនេះនឹងគាំទ្រដោយផ្ទាល់ដល់គ្រួសារចំនួន ១,៥០០គ្រួសារ ដែលផ្តល់​អត្ថ​ប្រយោជន៍​ដល់មនុស្សជាង ៦,០០០នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់​ទៀត​នឹងទទួល​បានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិសហគមន៍ដែលបានស្តារឡើងវិញ។ អាទិភាព​នឹង​ត្រូវ​បានផ្តល់ទៅឱ្យគ្រួសារដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ជនចំណាក​ស្រុក​ដែល​វិល​ត្រឡប់​មកផ្ទះវិញ ស្ត្រី កុមារ និងក្រុមដែលប្រឈមនឹងហានិភ័យនៃអាហារូបត្ថម្ភ។

លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​របស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់យ៉ាង​ដូច្នេះ «តាមរយៈភាពជាដៃគូរបស់យើងជាមួយ WFP ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោង​ ដែលភ្ជាប់ជំនួយស្បៀងអាហារជាមួយការស្តារជីវភាពរស់នៅបានល្អប្រសើរឡើងវិញ»។

លោកស្រី Kyungnan Park តំណាង WFP និងជានាយកប្រចាំប្រទេសកម្ពុជា បាន​សង្កត់ធ្ងន់លើលក្ខណៈរួមបញ្ចូលគ្នានៃគម្រោងនេះថា «គម្រោងនេះនាំមក​នូវសន្តិ​សុខ​ស្បៀងអាហារូបត្ថម្ភ ជីវភាពរស់នៅ និងការស្តារនីតិសម្បទាសហគមន៍។

«តាមរយៈការរួមបញ្ចូលជំនួយបន្ទាន់ជាមួយការស្តារឡើងវិញដែលដឹកនាំដោយសហគមន៍ យើងកំពុងគាំទ្រដល់គ្រួសារនានាឱ្យកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈ​ដែល​កំពុងដាក់គ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងស្ថិរភាពរយៈពេលវែង​នៅក្នុង​ខេត្តជាប់ព្រំដែនរបស់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់លោកស្រី Kyungnan Park៕