ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាការចង្អុលបង្ហាញច្បាស់លាស់ ក្នុងការបំពេញតួនាទី ភារកិច្ច ដោយសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ដើម្បីឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែង លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបទទួលបានការតែងតាំងថ្មី។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរជំនាញជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលនៃគណៈអភិបាលក្រុង ស្រុក, តំណាងកងកម្លាំងទាំងបីប្រភេទ, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបប្រមាណ ១៥០នាក់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
នាឱកាសនោះដែរ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការបញ្ចប់មុខតំណែង និងតែងតាំង លោក ឈឹម បុរស ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
ជាមួយគ្នានោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់អនុក្រឹត្យ និងត្រារបស់មន្ទីរជូន លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបចូលកាន់តំណែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា, លោករដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តស្នើសូមធ្វើការតែងតាំងរូបលោក ជាប្រធានមន្ទីរ ជាមួយនឹងការប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តស្វាយរៀង ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។
បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីររួចមក លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់អង្គពិធី និងធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពសង្គម សេដ្ឋកិច្ច និងការរីកចម្រើននានា លើគ្រប់វិស័យដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
បន្ទាប់ពីបានស្ដាប់នូវការប្ដេជ្ញាចិត្ត និងមតិស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាខេត្តស្វាយរៀងសម្រេចបាន ទាំងផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងបានអបអរសាទរចំពោះ លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មីដែលជាធនធានមនុស្សចាំបាច់ក្នុងការរួមចំណែកដឹកនាំ និងគ្រប់គ្រងកិច្ចការអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តស្វាយរៀង។
ទន្ទឹមនោះ លោកក៏បានថ្លែងការកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក សំ នីតូ អតីតប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ ការងារអភិវឌ្ឍន៍សហគមន៍ នៅតាមតំបន់ជនបទ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ថែរក្សាកេរដំណែលជាប្រវត្តិសាស្រ្ត ដែលកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការពារសេចក្តីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយការដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល), ក្រោមបាវចនា៖កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល កំពុងបន្តអនុវត្តតួនាទី និងភាកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។
ជាចុងក្រោយ លោករដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន បន្ថែមពីលើការប្ដេជ្ញាចិត្តរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលទើបទទទួលបានការតែងតាំង ដើម្បីជាការចង្អុលបង្ហាញច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច ដោយសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ដើម្បីឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព៕




















