ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងនាយឧត្តមសេនីយ៍ ខេង សុមេធ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្ននាពេលនេះនឹងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣,០០០គ្រួសារ ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ចាប់តាំងមានជម្លោះព្រំដែន រាជរដ្ឋាភិបាលបានដោះស្រាយការលំបាកជាជំហានៗជូនប្រជាពលរដ្ឋភៀសសឹក ខណៈមកដល់ពេលនេះជាជំហានទី៣ ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ និងកុមារជាច្រើន ទើបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្ននាពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ជម្រកបណ្តោះអាសន្ននេះ គឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹកចោលឡើយ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបន្ថែមថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងរៀបចំសំណើទៅរាជរដ្ឋាភិបាលស្នើសុំរៀបចំទីតាំងសម្រាប់ធ្វើកសិកម្មក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកទទួលបានចំណូលជួយដល់ជីវភាពប្រចាំថ្ងៃផងដែរ។
សូមជម្រាបថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ មានលក្ខណៈអំណោយផលជាងមុន ដែលអាចទទួលប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសេសក្នុងរដូវវស្សាខាងមុខ៕
































