អាជ្ញាធរខេត្តស្ទឹងត្រែង គ្រោងជួសជុលកំពង់ចម្លងសាឡាង ចំណុចកន្ទុយគោ ក្រុងស្ទឹងត្រែង នៅឆ្នាំ២០២៧


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យកំពង់ចម្លងសាឡាង នៅចំណុចកន្ទុយគោ ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ឯកឧត្តម សរ សុពុត្រា បានចង្អុលបង្ហាញ ដល់ក្រុមការងារក្នុងនោះមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលក្រុង សហការគ្នា ដើម្បីស្តាជួសជុលឡើងវិញនូវកំពង់ចម្លងមួយនេះ ដែលពីមុនជាចំណុចចម្លងសាឡាងយ៉ាងសំខាន់ ឆ្លងកាត់ទន្លេសេកុង និងបន្តធ្វើដំណើរតាមផ្លូវជាតិលេខ៧ចាស់ ឆ្ពោះទៅព្រំដែនឡាវ។

ការជួសជុលឡើងវិញ តាមការបញ្ជាក់ពីឯកឧត្តម សរ សុពុត្រា គឺនៅឆ្នាំ២០២៧ ខណៈពេលនេះបានដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាទំហំនៃការខូចខាត និងប្រើប្រាស់ថវិកា ចំណាយលើការជួសជុលនេះ ខណៈកំពង់ចម្លងសាឡាងនេះ មានសភាពចាស់បែកបាក់សឹករេចរិល។

ការរៀបចំកែកុន ទី១៖ ចង់រក្សាសមិទ្ធិផលចាស់ ហើយនឹងកែលម្អសោភ័ណភាពស្របទៅគោលការណ៍ រក្សាចាស់ អភិវឌ្ឍន៍ថ្មី ទី២៖ កែសោភ័ណភាពទីនេះឱ្យទៅជាកន្លែងដែលមានលក្ខណៈស្រស់ស្អាតឡើងវិញ ដើម្បីជាការទាក់ទាញទេសចរ និងជាកន្លែងទស្សនាកំសាន្ត និងទី៣៖ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលពួកគាត់បើកទូកមកដោះដូរទំនិញនៅទីនេះ។

គូសបញ្ជាក់ថា​ មុនពេលមានសមិទ្ធផលស្ពានមេគង្គ ឆ្លងកាត់ទន្លេមេគង្គ និងស្ពានសេកុង ឆ្លងកាត់ទន្លេ សេកុង កំពង់ចម្លងសាឡាងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ ឬកសិផលពីត្រើយម្ខាង មកក្រុងស្ទឹងត្រែង និងការចម្លងទៅមករបស់ប្រជាពលរដ្ឋ និងទេសចរណ៍តាមសាឡាង ឆ្ពោះទៅប្រទេសឡាវ។

គួររម្លឹកថា នៅដើមឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា បានចង្ហុលបង្ហាញដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឱ្យសហការជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង ជួសជុលកំពង់ចម្លងសាឡាង នៅចំណុចសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងបានរួចរាល់ហើយបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះ៕