ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បាននៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៦បានអញ្ជើញបិទវគ្គ អប់រំនយោបាយសតិអារម្មណ៍ និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់យុវជនគណបក្សខេត្ត ចំនួន៨១នាក់ ស្រី៤៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។
ឯកឧត្តម សួន សុម៉ាលីន បានបន្ថែមថា ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមិនត្រូវជឿលើការញុះញង់បំភ្លៃការពិតរបស់ជនអគតិណាម្នាក់ឡើយ។
សូមបញ្ជាក់ថា នៅក្នុងពិធីចំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សជាយុវជននេះ ក៏មានការចូលរួម ពីលោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន យុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សស្រុក និងយុវជនគណបក្សចំនួន ៤៦០នាក់៕
























