នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សប្រមាណ ១,៨០០នាក់ ក្នុងមូលដ្ឋានឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា មេគ្រួសារគណបក្សទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប្រមាណ២ឆ្នាំនេះ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងមូលដ្ឋានឃុំកំពង់ចិនត្បូង បានរួមគ្នាបំពេញការងារយ៉ាងសកម្ម ចុះជួយដោះស្រាយបញ្ហាចំពោះមុខដល់ខ្នងផ្ទះ ផ្សារភ្ជាប់មនោសញ្ចេតនា ផ្តល់នូវភាពកក់ក្ដៅ និងការជឿជាក់ជូនដល់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយបានកសាងផ្លូវដីក្រហម ផ្លូវបេតុង ប្រឡាយទឹក និងស្រះទឹក ដើម្បីជួយសម្រួលការធ្វើដំណើរ និងការប្រើប្រាស់របស់បងប្អូនក្នុងមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានលើកទឹកចិត្តដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ត្រូវបន្តសហការគ្នាជាធ្លុងមួយ និងចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តនូវផែនការសកម្មភាពដែលបានដាក់ចេញ ក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ មានដូចជា វិស័យកសិកម្ម ធនធានទឹក អប់រំ សុខាភិបាល វប្បធម៌ សាសនា សេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្ដុះបណ្តាលវិជ្ជាជីវៈ សន្តិសុខសុវត្ថិភាព និងសេវាសាធារណៈក្នុងមូលដ្ឋានជាដើម។
សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២៥ ក្នុងមូលដ្ឋានឃុំកំពង់ចិនត្បូងមានប្រជាពលរដ្ឋចំនួន២,៣៩៦គ្រួសារ ស្មើនឹង១០,៩៨០នាក់ ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន១,៨៥២គ្រួសារ ស្មើនឹង៤,៧០៣នាក់៕






































