អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យជនបរទេស ២៤ម៉ោងលើ២៤ម៉ោង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើស Online Scams


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្រ្តីមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង រាល់ជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធ។ បើចូលមកបម្រើការងារនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រាស ដើម្បីធានាឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមបញ្ជាក់ថា ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ និងស្រាវជ្រាវបង្ក្រាបបទល្មើសមួយនេះមិនដកដៃនោះទេ៕