ឯកឧត្តម សុខ សូកេន បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ចូលជួបសម្តែងការគួរសម និងជម្រាបលា


ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការកែទម្រង់ស្ថាប័ន និងការដាក់ចេញនូវយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដើម្បីពង្រឹងអភិបាលកិច្ចស្អាតស្អំ និងតម្លាភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងស្ថាប័ននៃប្រទេសទាំងពីរនាពេលអនាគតផងដែរ។