ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន១៣០០ កញ្ចប់ ជូនពលរដ្ឋនៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង


នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១៣០០ កញ្ចប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។
ឆ្លៀតក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា អំណោយដែលទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) សម្រាប់ឆ្នាំ២០២៦នេះ គឺមានចំនួន ៨៨៥០ កញ្ចប់ សម្រាប់កម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្តមួយចំនួន ឬឯនៅបណ្តាខេត្តខ្លះទៀតទទួលបានអំណោយពីអង្គការសមាគមជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ។ អង្គការទាំងនោះមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តួកគីយ៉េ អាឡឺម៉ង់ គុយវែត សប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌ សម្រាប់១០៧ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ។ ជាក់ស្តែងកាលពីឆ្នាំ២០២៥កន្លងទៅ បានផ្តល់ជំនួយជាផ្លែល្មើចំនួន ២៥ តោន និងគម្ពីរអាល់គួរអានចំនួន ៥ម៉ឺនក្បាល បានបើកទូលាយសម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ បានប្រទានកូតាពិសេសដោយមិនគិតថ្លៃទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាលស្តេច Fahd bin Abdulaziz រហូតដល់ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក៕