ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋមានការជឿជាក់ខ្លាំងលើការព្យាបាលរបស់ក្រុមគ្រូពេទ្យរដ្ឋ គ្រាដែលស្ថាប័នមួយនេះបាននិងកំពុងមានការរីកចម្រើនលើវិស័យបរិក្ខាទំនើប ហើយជាមួយនិងការជឿជាក់នេះប្រជាពលរដ្ឋក៏បានងាក់មកទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជំនួសឱ្យការព្យាបាលនៅតាមគ្លីនិកឯកជនផងដែរ។
ឯកឧត្តម អភិបាលខេត្ត បន្ដថា ដូច្នេះដើម្បីផ្តល់នូវទំនុកចិត្តនិងភាពជឿជាក់របស់ប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់ពិសេសនៅតាមមណ្ឌលសុខភាពត្រូវតែពង្រឹងប្រសិទ្ធិភាពការងារ និងយកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាពក្នុងការព្យាបាល។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រាមុនប្រជាពលរដ្ឋមិនមានទំនុកចិត្តក្នុងការមកទទួលសេវាព្យាបាលនៅតាមទីតាំងផ្តល់សេវារបស់រដ្ឋនោះទេ ដោយអ្នកជំងឺភាគច្រើនមានការជឿជាក់ទៅមន្ទីរពេទ្យឯកជនដោយសំអាងថា ពេទ្យឯកជនមានការយកចិត្តទុកដាក់និងមានបរិក្ខាគ្រប់គ្រាន់ក្នុងការព្យាបាល។ប៉ុន្តែបច្ចុប្បន្ននេះ មានមន្ទីរពេទ្យឯកជនមួយចំនួនត្រូវបានបិទទ្វារ ដោយសារតែបងប្អូនប្រជាពលរដ្ឋយើងភាគច្រើនបានបោះបង់ការព្យាបាលនៅតាមមន្ទីរពេទ្យឯកជន ហើយងាក់មកទទួលយកការព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពរដ្ឋវិញ។ទាំងនេះបង្ហាញឱ្យឃើញថា ការផ្តល់សេវានិងការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យយើងមានភាពល្អប្រសើរនិងមានទំនុកចិត្តខ្ពស់។
ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពចំពោះវិស័យសុខាភិបាល ដោយបានពង្រឹងគុណភាពនិងគុណវុឌ្ឍក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព និងបានបំពាក់នូវបរិក្ខាទំនើប ឱសថមានគុណភាពដើម្បីព្យាបាលដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមកទទួលយកសេវាព្យាបាលនៅតាមពេទ្យរដ្ឋឱ្យបានជាសះស្បើយ។
ទន្ទឹមនិងការពង្រឹងគុណភាពនៃសេវាសុខាភិបាលសាធារណៈ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងផងដែរថា សេវាសុខាភិបាលឯកជនក៏ជាផ្នែកមួយសំខាន់ផងដែរ ដែលមន្ទីរសុខាភិបាលត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ក្នុងការត្រួតពិនិត្យ វាយតម្លៃទាំងបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រនិងលិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងក្នុងការបើកនិងប្រកបអាជិវកម្ម និងទីតាំងលក់ឱសថ ធ្វើយ៉ាងណាឱ្យអនុឡោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រឯកជននិងគ្រប់គ្រងឱសថក្លែងក្លាយ៕






