កម្ពុជា-ប្រេស៊ីល ឯកភាពរៀបចំផែនការសកម្មភាពអនុវត្ត អនុស្សរណៈសហប្រតិបត្តិការទេសចរណ៍


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រេស៊ីល ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកស្រី ជាឯកអគ្គរដ្ឋទូតដែលមាននិវេសនដ្ឋាននៅកម្ពុជាជាលើកដំបូង ព្រមទាំងការបើកស្ថានទូតប្រេស៊ីលនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៣២ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

លោករដ្ឋមន្ត្រីបានស្នើឱ្យរៀបចំផែនការសកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង សំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម និងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិទាំងសងខាង។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានសម្តែងការគាំទ្រចំពោះសំណើខាងលើ ដោយប្តេជ្ញាសម្របសម្រួលជាមួយក្រសួងទេសចរណ៍ប្រេស៊ីល ដើម្បីជំរុញការរៀបចំផែនការសកម្មភាពជាក់ស្តែង សម្រាប់អនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខា ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕