ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា


នាព្រឹកថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក្រោមការចូលរួមយ៉ាងសកម្ម ការគាំទ្រយ៉ាងពេញលេញ និងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ របស់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូសហការដទៃទៀតក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងអាងទន្លេមេគង្គ ដើម្បីធ្វើឱ្យអាងទន្លេមេគង្គមានការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពរួមគ្នា និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈការបន្តការចូលរួម ការគាំទ្រ និងការផ្តល់កិច្ចសហការកាន់តែប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ការអនុវត្តផែនការការងារបន្តឆ្នាំ២០២៦ និងផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានឹងទទួលបានជោគជ័យប្រកបដោយប្រសិទ្ឋភាពខ្ពស់ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យនៅថ្នាក់ជាតិ «កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងក្របខ័ណ្ឌ ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គនិងនៅថ្នាក់តំបន់ «អាងទន្លេមេគង្គ មានវិបុលភាពផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ»៕