ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Datuk Seri Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៉ី កាលពីសប្ដាហ៍កន្លងទៅ ក្នុងទីក្រុងគួឡាឡាំពួរ ដើម្បីជំរុញអ្នកវិយោគិនម៉ាឡេស៉ី មកសិក្សាឱកាសវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៉ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចការងាររបស់ទេសរដ្ឋមន្ត្រីទៅកាន់ម៉ាឡេស៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីេលើវិស័យផ្សេងៗ ក្នុងនោះវិស័យកសិកម្មផងដែរ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា មានច្បាប់អនុគ្រោះជាច្រើនសម្រាប់អ្នកវិនិយោគបរទេស ហើយកន្លងមកកសិផលដែលទទួលបាន គឺដំណាំស្រូវ និងចន្ទី កម្ពុជាបានលក់ទៅឲ្យប្រទេសថៃ និងវៀតណាម។
លោកបានបន្តថា ប៉ុន្តែនាពេលថ្មីៗនេះ ដោយសារមានជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចផ្អាកការលក់កសិផលទៅឲ្យភាគីថៃ ហើយស្ថានភាពនេះ បានធ្វើឲ្យកម្ពុជា មានតម្រូវការ ក្នុងការស្វែងរកដៃគូវិនិយោគថ្មីៗ ដូចជាម៉ាឡេស៊ី ដើម្បីបង្កើតរោងចក្រកែច្នៃក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា មិនតែប៉ុណ្ណោះ ក៏មានមានចលនាពហិការ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមិនប្រើប្រាស់ផលិតផលដែលនាំចូលពីប្រទេសថៃផងដែរ។
ជាការឆ្លើយតប លោក Datuk Seri Mohamad bin Sabu បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ វិស័យឯកជនម៉ាឡេស៊ី ដើម្បីកៀរគរអ្នកវិនិយោគឲ្យមកសិក្សាឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកសង្កត់ធ្ងន់ថា ម៉ាឡេស៊ីមានការចាប់អារម្មណ៍ខ្ពស់លើការកែច្នៃអង្ករ និងគ្រាប់ស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា៕

