លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងជិត ២០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅចាប់ពីភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ទៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមរយៈផ្លូវដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនអ្នកស្រុកជាំក្សាន្តនាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីផងដែរ។
លោក ឈឹម សៅគី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ១៩ ៦០០ម៉ែត្រ បានកសាងឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននឹងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត គឺការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។
ជាមួយគ្នានេះដែរលោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងនោះវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពី ការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ។
ទន្ទឹមនេះ លោក ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសមួយខ្សែនេះផងដែរ៕


















