សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅវិមានសន្តិភាព។
លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
នៅក្នុងជំនួបនោះ លោកស្រីអគ្គលេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ លោកស្រីអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុងដំណើរមកកម្ពុជានាពេលនេះ លោកស្រីនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ៕








