ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


នាថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់ស្ទឹងក្រញ៉ូង ដែលស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង គឺជាសមិទ្ធផលវិស្វកម្មដ៏ទំនើប និងមានវិសាលភាពធំធេង ដែលត្រូវបានសាងសង់ឡើងក្រោមយុទ្ធសាស្ត្រ “បម្រើឱ្យពហុបំណង”។ គម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ និងស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការស្រោចស្រពផ្ទៃដីកសិកម្មក្នុងខេត្តបាត់ដំបងទាំងមូល និងបណ្តាស្រុកជុំវិញ។ លើសពីនេះ សំណង់នេះនឹងពង្រឹងសមត្ថភាពគ្រប់គ្រងធនធានទឹក ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ចៀសបញ្ហាភាពរាំងស្ងួតដែលតែងតែកើតមានក្នុងតំបន់ឱ្យបានជាអតិបរមា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេស ឱ្យពង្រឹងគុណភាពសំណង់តាមបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពការដ្ឋាន និងការគិតគូរពីផលប៉ះពាល់បរិស្ថាន ដែលជាអាទិភាពចម្បង ដើម្បីធានានិរន្តរភាពសំណង់ និងផ្តល់ផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕