ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នៅតែបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជាជាង១ម៉ឺន៥ពាន់គ្រួសារទៀត មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងនោះមានប្រជាជនភៀសសឹកជាង ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅបន្តស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ហើយបន្ថែមនូវការលំបាកទ្វេដងដោយសារទឹកភ្លៀងកាលពីពេលថ្មីៗនេះទៀតផង។
ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹក អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌បន្ទាន់ចែកជូនប្រជាជនភៀសសឹក ៣០០០គ្រួសារ ដើម្បីជួយសម្រាលការលំបាក បន្ទាប់ពីទទួលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចូលរួមផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែងយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក មិនថាទាំងសកម្មភាពមនុស្សធម៌រាប់តាំងពីពេលចាប់ផ្តើម និងអំឡុងជម្លោះព្រំដែន ដ៏ដូចជាសកម្មភាពមនុស្សធម៌ក្នុងសង្គម។
ជាមួយគ្នានោះឯកឧត្តម យូ ឡាណា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខ របស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
នាឳកាសនោះឯកឧត្តម យូ ឡាណា ក៏បាននាំយកនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ជាពិសេសត្រូវបរិភោគទឹកឆ្អិន រក្សាអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញជំរុំស្នាក់នៅ កុំឱ្យមានជម្រកមូសខ្លានាំកើតគ្រុនឈាមជាដើម។
ជាងនេះទៅទៀតត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី កាត់បន្ថយការហូប ផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក ដើម្បីសំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង/មិនឆ្លងនានា ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម,។ល។
ឯកឧត្តម យូ ឡាណា បានឱ្យដឹងថា អំណោយមនុស្សធម៌ចែកជូនប្រជាជនភៀសសឹកនៅថ្ងៃនេះ ត្រូវបានចែកចេញជា៣ទីតាំង ដោយនៅពេលព្រឹកមាន២ទីតាំង៖ ទីតាំងទី១ នៅមណ្ឌលសុវត្តិភាព វត្តច័ន្ទស៊ីសាមគ្គីរតនារាម មានពលរដ្ឋភៀសសឹកចំនួន ៩៣១គ្រួសារ (មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ)។ ចំណែកទីតាំងទី២ នៅមណ្ឌលសុវត្តិភាព វត្តពោធិ៍សុរិយារាម មានពលរដ្ឋភៀសសឹកចំនួន ៣៣៧គ្រួសារ (មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ)។ ដោយឡែកនៅពេលរសៀលវិញ មាន១ទីតាំង គឺស្ថិតនៅសាលាបឋមសិក្សាតាយឹងព្រៃវែង មានពលរដ្ឋភៀសសឹកចំនួន ១៧៣២គ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្តិភាពវត្តកណ្តោល និងភូមិពព្លាក់ (មកពីភូមិចំនួន៦ នៃស្រុកថ្មពួក)។
សម្រាប់អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ (១យួរ=១០កំប៉ុង), ឆៃប៉ូវ ១កំប៉ុងជ័រ (១កំប៉ុងជ័រ=១គក្រ), ទឹកស៊ីអុីវ ១យួរ (១យួរមាន៦ដប), ប្រេងឆា ១ដបជ័រ (១ដបជ័រ=០.៧៥លីត្រ), ឃីតចំនួន១ (សារុង,ក្រមា,មុង,ភួយ) និងថវិកា ៣០០០០រៀល។ ស្បៀង សម្ភារៈថវិកាខាងលើនេះ ជាអំណោយរបស់សប្បុរសជន គ្រប់មជ្ឈដ្ឋានផ្តល់ជូនតាមរយៈកាកបាទក្រហមកម្ពុជា។
ក្រៅពីផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣០០០គ្រួសារខាងលើ, កាកបាទក្រហមកម្ពុជា បាននាំយកទេយ្យវត្ថុនិងបច្ច័យមួយចំនួនជូន វត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សុរិយារាម ដែលជាមណ្ឌលសុវត្តិភាពសម្រាប់ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យផងដែរ។
ចំពោះប្រជាពលរដ្ឋភៀសសឹកដែលទទួលបានអំណោយនាពេលនេះ បានសម្តែអនូវអារម្មណ៍រំជួលចិត្តជាខ្លាំង និងបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពចំពោះមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងគិតគូរខ្វល់ខ្វាយសុខភាពសុវត្ថិភាព ពិសេសបេះដូងរបស់អ្នកម្ដាយ គឺបានផ្សារភ្ជាប់នូវសុខទុក្ខរបស់ប្រជាជនជានិច្ច៕


























































