Robot បោសសម្អាតមីនជាការអភិវឌ្ឍរួមគ្នាដោយកម្ពុជា និងជប៉ុន នឹងត្រូវដាក់ពង្រាយរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន


(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ពីការមកដល់នៃម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាង CMAC និងក្រុមហ៊ុនជប៉ុន​ IOS ដើម្បីពង្រាយប្រតិបត្តិការនៅជួរមុខ ចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន។

ឯកឧត្តម ហេង រតនា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ខ្លួនបានបញ្ជាក់ឱ្យដូច្នេះថា៖ «សូមស្វាគមន៍ការមកដល់កម្ពុជា នូវម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន​ IOS។ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះ​ នឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ​ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន និងគ្រាប់មីន​ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»

សូមជម្រាបថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុ/អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម។

ឯកឧត្តម ហេង រតនា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា​ និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕